ទិដ្ឋភាពទូទៅនៃផ្ទាំងព័ត៌មាន
នៅក្នុងមេរៀននេះ លោកអ្នកនឹងស្វែងយល់ថា ផ្ទាំងព័ត៌មានរបស់ WordPress គឺជាទំព័រដំបូងដែលលោកអ្នកនឹងឃើញ បន្ទាប់ពីចូលទៅទំព័រគ្រប់គ្រងនៃ WordPress។ នៅលើផ្ទាំងព័ត៌មាននោះ លោកអ្នកនឹងឃើញព័ត៌មានអំពីស្ថានភាព និងតំណទៅកាន់ទំព័រគ្រប់គ្រងទាំងអស់នៃវេបសាយរបស់លោកអ្នក។ មេរៀននេះនឹងបង្ហាញលោកអ្នកអំពីរបៀបដែលផ្ទាំងព័ត៌មានត្រូវបានរៀបចំឡើង និងរបៀបចូលទៅកាន់ផ្នែកផ្សេងៗនៃវេបសាយ WordPress របស់លោកអ្នក។
កម្មវត្ថុ
បន្ទាប់ពីបញ្ចប់មេរៀននេះ លោកអ្នកនឹងអាច៖
- ចូលទៅកាន់ផ្ទាំងព័ត៌មានបាន។
- សម្គាល់ពីសមាសធាតុនានា ដែលរួមមានដូចជា របារគ្រប់គ្រង, ម៉ឺនុយចំហៀង, បណ្ដាវិដជិតនៃផ្ទាំងព័ត៌មាន, បញ្ជីមាតិកា និងតំណនានា។
- សម្គាល់ពីស្ថានភាពនៃវេបសាយរបស់ខ្លួន។
- ស្គាល់និងប្រើប្រាស់បញ្ជីជាតារាងដែលស្ថិតនៅលើទំព័រគ្រប់គ្រងនានា។
- ចាកចេញពីផ្ទាំងព័ត៌មាន។
ជំនាញចាំបាច់
លោកអ្នកនឹងងាយស្រួលក្នុងការរៀនមេរៀននេះ ប្រសិនបើលោកអ្នកមានបទពិសោធន៍ និងមានការយល់ដឹងអំពី៖
- ចំណេះដឹងអំពីកុំព្យូទ័រ (ការចូលនិងចាកចេញពីប្រព័ន្ធ, សមាសធាតុវីនដូ, ផ្ទាំង, របារឧបករណ៍)។
- ការប្រើប្រាស់កម្មវិធីរុករកនៅលើអ៊ីនធឺណិត។
- ក្ដារចុច និងឧបករណ៍ចង្អុល (ពោលគឺ ម៉ៅ)។
ធនធានចាំបាច់
- វេបសាយ WordPress មួយដែលដំណើរការ មានប្រកាស, ទំព័រ និងបណ្ណាល័យមេឌៀ
- ព័ត៌មានសម្រាប់ចូលទៅកាន់ទំព័រគ្រប់គ្រង
សំណួរផ្ទៀងផ្ទាត់
- តើលោកអ្នកនឹងគ្រប់គ្រងវេបសាយ WordPress ណាមួយ ក្នុងការកែប្រែប្រកាស ឬទំព័រដែរទេ?
- តើលោកអ្នកមានសិទ្ធិចូលគ្រប់វេបសាយ WordPress ដែរឬទេ?
កំណត់សម្គាល់សម្រាប់គ្រូ
- គ្រូគួរតែមានសិទ្ធិចូលទៅផ្ទាំងព័ត៌មាន ដែលបានដំឡើងនៅក្នុងម៉ាស៊ីនផ្ទាល់ខ្លួន ឬនៅលើម៉ាស៊ីនមេពីចម្ងាយ។ ផ្ទាំងព័ត៌មាននេះគួរតែអាចមើលឃើញដោយសិស្សទាំងអស់។
- បើសិនជាអាច សិស្សានុសិស្សគួរមានសិទ្ធិចូលទៅផ្ទាំងព័ត៌មានផ្ទាល់របស់ពួកគេ ទាំងដែលបានដំឡើងក្នុងម៉ាស៊ីនផ្ទាល់ខ្លួន ឬនៅលើម៉ាស៊ីនមេពីចម្ងាយ។
- រូបថតអេក្រង់នៅក្នុងគម្រោងមេរៀននេះ ផ្តល់ជូនសម្រាប់តែបង្ហាញផ្នែកខ្លះៗនៃទំព័រដែលកំពុងពិភាក្សាប៉ុណ្ណោះ។
- លំណែនាំសម្រាប់គ្រូ ត្រូវបានធ្វើឡើងនៅក្នុងសញ្ញាឃ្នាប។
ខ្លឹមសារមេរៀន
ចូលគ្រប់គ្រង
ដើម្បីចូលទៅទំព័រគ្រប់គ្រងនៃវេបសាយរបស់លោកអ្នក សូមចូលតាមរយៈតំណនេះ៖
yourwebsite.com/wp-admin
ជំនួស “yourwebsite.com” ជាមួយនឹងតំណទៅកាន់គេហទំព័ររបស់លោកអ្នក។ បញ្ចូលឈ្មោះអ្នកប្រើប្រាស់ និងឃ្លាសម្ងាត់របស់លោកអ្នក។ លោកអ្នកអាចធីកលើប្រអប់ “ចងចាំខ្ញុំ” ប្រសិនបើលោកអ្នកនឹងប្រើកុំព្យូទ័រដដែលនេះ (មិនមែនកុំព្យូទ័រសាធារណៈ) ដើម្បីត្រឡប់មកប្រើប្រាស់វិញនៅពេលក្រោយ ហើយចង់ចូលទៅទំព័រគ្រប់គ្រងវិញដោយស្វ័យប្រវត្តិ។ ប្រសិនបើប្រអប់នេះត្រូវបានធីក កម្មវិធីរុករកនៅលើអ៊ីនធឺណិតរបស់លោកអ្នកនឹងអនុញ្ញាតឱ្យលោកអ្នកចូលទៅគ្រប់គ្រងបានក្នុងរយៈពេល ១៤ ថ្ងៃ ដោយមិនចាំបាច់បញ្ចូលព័ត៌មានទាំងនោះជាថ្មីឡើយ។ ប្រសិនបើមិនបានធីកវាទេ លោកអ្នកនឹងត្រូវតម្រូវឱ្យបញ្ចូលឈ្មោះអ្នកប្រើប្រាស់ និងឃ្លាសម្ងាត់ម្ដងទៀត បន្ទាប់ពីលោកអ្នកបិទកម្មវិធីរុករកនៅលើអ៊ីនធឺណិត ឬក្រោយពេល ២ ថ្ងៃ។ ប្រសិនបើលោកអ្នកភ្លេចឃ្លាសម្ងាត់ សូមចុចលើតំណ “បាត់ពាក្យសម្ងាត់របស់លោកអ្នក?” ដែលនៅពីក្រោមទម្រង់ចូលគ្រប់គ្រងវេបសាយ។ បញ្ចូលឈ្មោះអ្នកប្រើប្រាស់ ឬអាសយដ្ឋានអ៊ីមែលរបស់លោកអ្នក នោះលោកអ្នកនឹងទទួលបានតំណមួយនៅតាមរយៈអ៊ីមែល ដើម្បីបង្កើតឃ្លាសម្ងាត់ថ្មី។
របារគ្រប់គ្រង
របារគ្រប់គ្រងគឺជារបារម៉ឺនុយពណ៌ប្រផេះចាស់ ដែលស្ថិតនៅផ្នែកខាងលើបំផុតនៃផ្ទាំងព័ត៌មាន។ របារនេះក៏បង្ហាញនៅផ្នែកខាងលើនៃគ្រប់ទំព័ររបស់វេបសាយផងដែរ នៅពេលដែលលោកបានអ្នកចូលទៅផ្នែកគ្រប់គ្រង។ យ៉ាងណាមិញ សាធារណជនទូទៅមិនអាចមើលឃើញរបារនេះទេ។
នៅលើរូបថតអេក្រង់ដែលបានភ្ជាប់មកជាមួយនេះ លោកអ្នកអាចមើលឃើញជម្រើសមួយនៃការកំណត់ផ្ទាំងព័ត៌មាន។ ទិដ្ឋភាពនៃផ្ទាំងព័ត៌មាននឹងប្រែប្រួលដោយផ្អែកលើកម្មវិធីជំនួយដែលលោកអ្នកបានដាក់ឱ្យដំណើរការ ក្រុមហ៊ុនផ្តល់សេវាដាក់បង្ហោះវេបសាយរបស់លោកអ្នក និងការកំណត់ផ្ទាល់ខ្លួនរបស់លោកអ្នក។
និម្មិតសញ្ញា WordPress
នៅខាងលើផ្នែកខាងឆ្វេងនៃរបារគ្រប់គ្រង លោកអ្នកនឹងឃើញនិម្មិតសញ្ញា WordPress ។ នៅពេលលោកអ្នកដាក់ម៉ៅលើនិម្មិតសញ្ញានេះ នោះម៉ឺនុយស្វ័យប្រវត្តិដែលមានតំណចំនួន ៤ នឹងបង្ហាញឡើង៖
- តំណ WordPress.org ភ្ជាប់ទៅកាន់វេបសាយមេរបស់ WordPress ជាផ្ទុកកូដសម្រាប់ទាញយក និងឯកសារសម្រាប់កម្មវិធី WordPress ។
- តំណ ឯកសារ ភ្ជាប់ទៅកាន់វេបសាយ WordPress Codex ដែលជាឯកសារផ្លូវការសម្រាប់ WordPress ។
- តំណ វេទិកាគាំទ្រ ភ្ជាប់ទៅកាន់កន្លែងសម្រាប់ផ្តល់ការគាំទ្រនៃ WordPress.org ។
- តំណ មតិត្រឡប់ ភ្ជាប់ទៅកាន់វេទិកាគាំទ្រនៅលើវេបសាយ WordPress.org ដែលប្រើសម្រាប់សំណើ និងមតិត្រឡប់។
និម្មិតសញ្ញាទំព័រដើម
និម្មិតសញ្ញាបន្ទាប់នៅលើរបារគ្រប់គ្រង គឺជានិម្មិតសញ្ញាទំព័រដើមសម្រាប់វេបសាយរបស់អ្នក។ តាមរយៈការចុចលើតំណនេះ លោកអ្នកនឹងត្រូវបាននាំទៅកាន់ទំព័រដើមផ្នែកខាងមុខនៃវេបសាយរបស់លោកអ្នក។ នៅពេលដែលលោកអ្នកកំពុងស្ថិតនៅទីនោះ តំណដដែលនេះនឹងនាំលោកអ្នកត្រឡប់ទៅកាន់ផ្ទាំងព័ត៌មានវិញ ពោលតំណនេះគឺជាការបិទបើក។ លោកអ្នកអាចបើកផ្ទាំងព័ត៌មាន និងផ្នែកខាងមុខនៃវេបសាយរបស់លោកអ្នកលើផ្ទាំងផ្សេងគ្នានៃកម្មវិធីរុករក ដូច្នេះលោកអ្នកអាចឆ្លាស់ផ្ទាំងទៅវិញទៅមកបានយ៉ាងឆាប់រហ័ស។
និម្មិតសញ្ញាជូនដំណឹង
មាននិម្មិតសញ្ញាជូនដំណឹងចំនួន ២ ដែលអាចនឹងបង្ហាញនៅក្នុងរបារគ្រប់គ្រង។ មតិយោបល់ តែងតែបង្ហាញជានិច្ច។ ប្រសិនបើមានមតិយោបល់កំពុងរង់ចាំ ការពិនិត្យ នោះនិម្មិតសញ្ញានេះនឹងប្តូរពណ៌ ហើយចំនួនមតិយោបល់ត្រូវបង្ហាញនៅជាប់នឹងនិម្មិតសញ្ញានោះ។ ការចុចលើនិម្មិតសញ្ញានោះ នឹងនាំលោកអ្នកទៅកាន់ទំព័រមតិយោបល់។ និម្មិតសញ្ញាអាប់ដេតក៏នឹងបង្ហាញឡើងផងដែរ នៅពេលមានបច្ចុប្បន្នភាពសម្រាប់កម្មវិធីជំនួយ រូបរាងវេបសាយ ឬឯកសារស្នូលនៃវេបសាយ WordPress។ ការចុចលើនិម្មិតសញ្ញានេះ នឹងនាំលោកអ្នកទៅកាន់ទំព័រអាប់ដេត។
ការដាក់ម៉ៅនៅលើ “ថ្មី” នឹងបង្ហាញនូវម៉ឺនុយមួយនៃតំណដើម្បី បង្កើតទំព័រថ្មី ប្រកាសថ្មី ឬធាតុមេឌៀថ្មី។ មាតិកាជាក់ស្ដែងនៃបញ្ជីនេះ គឺអាស្រ័យលើតួនាទីជាអ្នកប្រើប្រាស់របស់លោកអ្នក។ ឧទាហរណ៍៖ ប្រសិនបើតួនាទីរបស់លោកអ្នកមិនអនុញ្ញាតឱ្យលោកអ្នកបង្កើតអ្នកប្រើប្រាស់ថ្មី នោះលោកអ្នកនឹងមិនឃើញម៉ឺនុយ “អ្នកប្រើប្រាស់” នេះទេ។ កម្មវិធីជំនួយមួយចំនួនក៏បន្ថែមធាតុទៅក្នុងម៉ឺនុយនេះផងដែរ។ សូមចំណាំថា ម៉ឺនុយមួយនេះចម្លងចេញពីតំណមួយចំនួននៅលើម៉ឺនុយនៅរបារចំហៀង ដែលយើងនឹងលម្អិតក្នុងពេលបន្តិចទៀតនេះ។
ឈ្មោះអ្នកប្រើប្រាស់ និងរូបតំណាង
នៅខាងស្តាំបំផុតនៃរបារគ្រប់គ្រង លោកអ្នកនឹងឃើញឈ្មោះអ្នកប្រើប្រាស់ និងរូបតំណាងរបស់លោកអ្នក។ នៅលើម៉ឺនុយនេះ បើលោកអ្នកចុចលើឈ្មោះរបស់លោកអ្នក ឬចុចលើ “កែសម្រួល ប្រវត្តិរូបរបស់ខ្ញុំ” នោះវានឹងនាំលោកអ្នកទៅកាន់ទំព័រ “កែសម្រួលប្រវត្តិរូប”។ ចុចលើ “ចាកចេញ” នឹងនាំលោកអ្នកចេញពីទំព័រគ្រប់គ្រង។ នៅក្រោមរបារអ្នកគ្រប់គ្រងពណ៌ប្រផេះដិត មានផ្ទាំងចំនួន ២ គឺ៖ ផ្ទាំងជម្រើសអេក្រង់ និង ផ្ទាំងជំនួយ។
ផ្ទាំងជម្រើសអេក្រង់
“ផ្ទាំងជម្រើសអេក្រង់” បង្ហាញនៅលើទំព័រភាគច្រើននៃផ្នែក គ្រប់គ្រង ហើយវាអនុញ្ញាតឱ្យលោកអ្នកអាចគ្រប់គ្រងធាតុដែលបង្ហាញនៅលើទំព័រនោះ។ ទាំងនេះគឺជាធាតុដែលបង្ហាញឡើងសម្រាប់លោកអ្នក។ នៅពេលដែលអ្នកដទៃទៀតចូលទៅក្នុងតំបន់គ្រប់គ្រង ពួកគេនឹងឃើញទៅតាមជម្រើសរបស់ពួកគេ។
នៅពេលចុចលើ “ផ្ទាំងជម្រើសអេក្រង់” លោកអ្នកនឹងឃើញនូវបញ្ជីវិដជិដសម្រាប់ធ្វើការគ្រប់គ្រងជាច្រើន ដែលមាននៅលើទំព័រនោះ។ វិដជិដនីមួយៗមានប្រអប់ធីកមួយ ដើម្បីគ្រប់គ្រងការបង្ហាញរបស់វានៅលើទំព័រនោះ។ ទំព័រផ្សេងគ្នា មានជម្រើសផ្សេងៗគ្នា ហើយទំព័រខ្លះទៀត ដូចជា “កម្មវិធីនិពន្ធ” ជាដើម មានជម្រើសច្រើនជាងនេះ។ វាជារឿងធម្មតាទេ ដែលផ្ទៃអេក្រង់មួយបានបាត់ព័ត៌មានខ្លះ (ឧទាហរណ៍៖ ផ្នែកសម្រង់នៃប្រកាស ជាធម្មតាមិនត្រូវបានបង្ហាញនោះទេ)។ នេះអាចជាបទពិសោធន៍ដ៏រំខានចិត្តមួយ ដូច្នេះហើយ “ផ្ទាំងជម្រើសអេក្រង់” អាចជាដំណោះស្រាយចំពោះបញ្ហានេះ។
ផ្ទាំងជំនួយ
ផ្ទាំងជំនួយ ដែលមានទីតាំងនៅខាងក្រោមរបារគ្រប់គ្រងពណ៌ប្រផេះដិត ផ្ទុកនូវព័ត៌មានអំពីទំព័រដែលលោកអ្នកកំពុងស្ថិតនៅ [បើកជំនួយ]។ ក្នុងករណីនេះ ផ្ទាំងនេះផ្តល់ជូនលោកអ្នកនូវទិដ្ឋភាពទូទៅ ព័ត៌មានអំពីម៉ឺនុយនៅផ្នែកខាងឆ្វេង របៀបគ្រប់គ្រងប្លង់នៃទំព័រ និងខ្លឹមសារអត្ថបទ ដែលលោកអ្នកឃើញមាននៅលើទំព័រ។ ទំព័រនីមួយៗនៅក្នុងតំបន់គ្រប់គ្រងនឹងបង្ហាញព័ត៌មានដែលពាក់ព័ន្ធនៅក្នុងផ្ទាំងជំនួយដែលស្ថិតក្នុងទំព័រនោះ។
ផ្នែកកណ្តាលនៃទំព័រ
នៅផ្នែកកណ្ដាលទំព័រនៃផ្ទាំងព័ត៌មាន លោកអ្នកនឹងឃើញវិដជិត ឬផ្ទាំងគ្រប់គ្រងមួយចំនួន។ លោកអ្នកបានឃើញរួចមកហើយអំពីរបៀបបង្ហាញនិងលាក់ដោយប្រើប្រអប់ធីកនៅក្នុងផ្ទាំងជម្រើសអេក្រង់។ ទីតាំងរបស់ពួកវាអាចផ្លាស់ប្តូរបាន ដោយលោកអ្នកគ្រាន់តែទាញហើយដាក់នៅចំទីតាំងដែលលោកអ្នកចង់បាន។ [បង្ហាញអំពីរបៀបអូសម៉ៅ និងព្រលែងម៉ៅ។]
សូមចំណាំថា រូបថតអេក្រង់ខាងលើគឺជាការបង្ហាញពីការកំណត់មួយនៃផ្ទាំងព័ត៌មានរបស់ WP។ ទិដ្ឋភាពនៃផ្ទាំងព័ត៌មាននឹងប្រែប្រួល ដោយផ្អែកលើកម្មវិធីជំនួយដែលលោកអ្នកបានដាក់ឱ្យដំណើរការ ក្រុមហ៊ុនដែលបង្ហោះវេបសាយរបស់លោកអ្នក និងរបៀបផ្ទាល់ខ្លួនដែលលោកអ្នកបានកំណត់។
នៅទីនេះមានវិដជិតមួយចំនួនដែលមកជាមួយនឹងការដំឡើងវេបសាយ WordPress ដែលរួមមានដូចជា៖
- “ក្រឡេកមើលមួយភ្លែត”៖ វិដជិតមួយនេះបង្ហាញលោកអ្នកនូវចំនួនសរុបនៃទំព័រ ប្រកាស និងមតិយោបល់ នៅលើវេបសាយរបស់លោកអ្នក។ វាក៏បង្ហាញអំពីរូបរាងបច្ចុប្បន្ន ហើយក៏នឹងបង្ហាញថាតើម៉ាស៊ីនស្វែងរកមិនត្រូវបានបើកឱ្យធ្វើការលិបិក្រមលើវេបសាយរបស់លោកអ្នក។
- “សេចក្តីព្រាងរហ័ស”៖ អ្វីក៏ដោយដែលបានបញ្ចូលទៅក្នុងទម្រង់នេះ នឹងត្រូវបានរក្សាទុកជាសេចក្ដីព្រាងនៃប្រកាស ដែលមានន័យថា វានឹងត្រូវបានរក្សាទុក ប៉ុន្តែមិនត្រូវបានបោះពុម្ពផ្សាយនៅលើវេបសាយទេ។ បញ្ជីនៃតំណភ្ជាប់ទៅកាន់សេចក្តីព្រាងដែលបានរក្សាទុក ត្រូវបានបង្ហាញនៅខាងក្រោមទម្រង់នេះ។ វាមានប្រយោជន៍ក្នុងការកត់ត្រាទុកបានរហ័សនូវគំនិតដែលលេចឡើងសម្រាប់ការប្រកាស ដែលលោកអ្នកចង់ត្រលប់មកសរសេរបញ្ចប់វិញនៅពេលក្រោយ។
- “សកម្មភាព”៖ ផ្នែកនេះបង្ហាញលោកអ្នកនូវប្រកាស និងមតិយោបល់ថ្មីៗបំផុតរបស់លោកអ្នក ជាមួយនិងតំណភ្ជាប់ទៅកាន់តំបន់និពន្ធនៃប្រកាស និងមតិយោបល់នីមួយៗ។
- “វិដជិតដែលមកជាមួយកម្មវិធីជំនួយ”៖ កម្មវិធីជំនួយមួយចំនួនតែងតែភ្ជាប់មកជាមួយវិដជិតសម្រាប់ការងារគ្រប់គ្រងរបស់ពួកគេ។ វិដជិតទាំងនេះអាចត្រូវបានជ្រើសរើសនៅក្នុងផ្ទាំងជម្រើសអេក្រង់ ដែលអនុញ្ញាតឱ្យលោកអ្នកអាចអូសម៉ៅនិងព្រលែងម៉ៅ ដូចគ្នាទៅនឹងកម្មវិធីដែលត្រូវបានដំឡើងដោយ WordPress ដែរ។
របារចំហៀងខាងឆ្វេង
វិធីសាមញ្ញបំផុតក្នុងការផ្លាស់ទីក្នុងតំបន់គ្រប់គ្រង គឺតាមរយៈការប្រើតំណភ្ជាប់រុករកនៅក្នុងរបារចំហៀងខាងឆ្វេង។ តំណភ្ជាប់ទាំងនេះមួយចំនួនត្រូវបានគេប្រើប្រាស់ញឹកញាប់ជាងតំណភ្ជាប់ផ្សេងទៀត ជាពិសេសគឺ ប្រកាស ទំព័រ និងមតិយោបល់។
នៅពេលដែលមានធាតុម៉ឺនុយរង ពួកវាត្រូវបានបង្ហាញឡើងនៅពេលលោកអ្នកដាក់ម៉ៅពីលើម៉ឺនុយមេ [បង្ហាញ] ហើយបន្ទាប់ពីលោកអ្នកបានចុចលើធាតុម៉ឺនុយដែលមានម៉ឺនុយរង នោះម៉ឺនុយរងនឹងត្រូវបានបង្ហាញនៅក្នុងរបារចំហៀងតែម្តង [បង្ហាញជាមួយប្រកាស]។ ដូចដែលអ្នកបានឃើញ មានធាតុម៉ឺនុយរងជាច្រើនសម្រាប់ប្រកាស។
ធាតុម៉ឺនុយនៅក្នុងរបារចំហៀងនឹងមិនដូចគ្នាទេ ដោយវាអាស្រ័យលើតួនាទីរបស់លោកអ្នកក្នុងនាមជាអ្នកប្រើប្រាស់។ ឧទាហរណ៍៖ អ្នកប្រើប្រាស់ដែលមានតួនាទីជាអ្នកនិពន្ធ នឹងមិនអាចឃើញធាតុម៉ឺនុយណាមួយដែលមិនទាក់ទងនឹងការកែសម្រួលប្រកាស និងទំព័រនោះទេ។ អ្នកប្រើប្រាស់ទាំងឡាយណាដែលមានតួនាទីជាអ្នកគ្រប់គ្រង នឹងអាចមើលឃើញអ្វីគ្រប់យ៉ាងដែលមាននៅលើវេបសាយ។
កម្មវិធីជំនួយក៏បន្ថែមធាតុទៅក្នុងម៉ឺនុយនេះផងដែរ នៅត្រង់ទីតាំងមួយចំនួន ដោយអាស្រ័យទៅតាមការកំណត់របស់អ្នកបង្កើតកម្មវិធីជំនួយនោះ។
បញ្ជីនៃប្រកាស
WordPress បង្ហាញបណ្ដុំនៃធាតុជាច្រើនផ្សេងៗគ្នាជាទម្រង់តារាង។ អ្នកបង្កើតកម្មវិធីជំនួយត្រូវបានជំរុញឱ្យបង្ហាញព័ត៌មាននៅក្នុងទម្រង់នេះ ប៉ុន្តែអ្នកខ្លះមិនធ្វើតាមនោះទេ ជាហេតុធ្វើឱ្យអ្នកប្រើប្រាស់មានការភ័ន្តច្រឡំ។
សូមចុចបើក ហើយមើលទៅទំព័របញ្ជីនៃប្រកាស។ [ចូរបើកប្រកាស ប្រសិនបើមិនទាន់បើក]។ នៅពេលលោកអ្នកចុចលើចំណងជើងនៃប្រកាស នោះវានឹងបង្ហាញនៅក្នុងកម្មវិធីនិពន្ធ។ ទោះជាយ៉ាងណា សូមកត់សម្គាល់ថា នៅពេលលោកអ្នករំកិលទ្រនិចម៉ៅទៅលើចំណងជើងនៃប្រកាស នោះតំណភ្ជាប់បន្ថែមមួយចំនួននឹងលេចឡើងនៅខាងក្រោមចំណងជើង។ តំណភ្ជាប់ទាំងនោះរួមមាន ការកែសម្រួល (ដូចគ្នានឹងការចុចលើចំណងជើង), ការកែសម្រួលរហ័ស, លុប និងមើលផ្ទាល់។ កម្មវិធីជំនួយមួយចំនួន ក៏បន្ថែមតំណភ្ជាប់ផ្សេងទៀតនៅទីតាំងនេះផងដែរ។
- តំណ “ការកែសម្រួលរហ័ស” អនុញ្ញាតឱ្យលោកអ្នកផ្លាស់ប្តូរព័ត៌មានមេតាជាច្រើនដែលពាក់ព័ន្ធនឹងប្រកាសនោះ ដោយមិនចាំបាច់បើកវានៅក្នុងកម្មវិធីនិពន្ធនោះទេ។ លោកអ្នកអាចផ្លាស់ប្តូរចំណាត់ប្រភេទ, ស្លាក និងធាតុជាច្រើនផ្សេងទៀតរបស់ប្រកាសណាមួយបានយ៉ាងរហ័ស ដែលលោកអ្នកនឹងស្វែងយល់បន្ថែមទៀតនៅពេលក្រោយ។
- តំណ “លុប” នឹងដាក់ប្រកាសនោះទៅក្នុងធុងសំរាម។ លោកអ្នកអាចយកមកវិញនូវអ្វីដែលលោកអ្នកបានដាក់ក្នុងធុងសំរាមក្នុងរយៈពេល ៣០ ថ្ងៃ លុះត្រាតែលោកអ្នកបានលុបវាដោយចេតនា ឬលុះត្រាតែការដំឡើង WordPress របស់លោកអ្នកបានកំណត់រយៈពេលខុសគ្នា។
- តំណ “មើលផ្ទាល់” ភ្ជាប់ទៅកាន់ប្រកាសដែលអាចមើលឃើញជាសាធារណៈនៅលើវេបសាយ។
លោកអ្នកអាចប្រើប្រអប់ធីកនៅជាប់នឹងចំណងជើងដើម្បីធ្វើសកម្មភាពនានាលើប្រកាសច្រើនព្រមគ្នាបាន។ បន្ទាប់ពីធីកប្រអប់មួយឬច្រើន [ចូរធីកប្រអប់មួយចំនួន] ម៉ឺនុយទម្លាក់ចុះនៃ “ការកែសម្រួលព្រមគ្នា” នឹងបង្ហាញលោកអ្នកអំពីមុខងារនានាដែលលោកអ្នកអាចធ្វើបានបាន។ [ចូរចុចលើម៉ឺនុយទម្លាក់ចុះ] ដូចអ្វីដែលលោកអ្នកអាចមើលឃើញ សកម្មភាពនៅទីនេះមានដូចជា “កែសម្រួល” និង “ដាក់នៅធុងសំរាម”។
ប្រសិនបើអ្នកជ្រើសយក “កែសម្រួល” ហើយចុចលើ “អនុវត្ត” នោះលោកអ្នកនឹងឃើញម៉ឺនុយដូចគ្នាដែលយើងបានធ្វើពីពេលមុន សម្រាប់ការ “កែសម្រួលរហ័ស”។ តែពេលនេះការផ្លាស់ប្តូរណាមួយនឹងត្រូវបានអនុវត្តចំពោះធាតុទាំងអស់ដែលបានធីកយក ពោលគឺនៅពេលដែលប៊ូតុងអាប់ដេតត្រូវបានចុច។ សូមប្រយ័ត្ន លោកអ្នកអាចផ្លាស់ប្តូរអ្វីៗជាច្រើនបានតាមរយៈការចុចតែម្តងប៉ុណ្ណោះ [ចូរចុចបោះបង់]។
ការជ្រើសយក “ដាក់នៅធុងសំរាម” ហើយចុច “អនុវត្ត” នឹងយកប្រកាសដែលបានធីកទាំងអស់ទៅដាក់នៅធុងសំរាម។
តំណភ្ជាប់នៅខាងលើតារាង នឹងច្រោះនូវបញ្ជីប្រកាសដើម្បីបង្ហាញប្រកាសទាំងអស់, ប្រកាសដែលបានបោះពុម្ពផ្សាយ, ប្រកាសព្រាង និងប្រកាសនៅក្នុង “ធុងសំរាម”។ [ចូរលុបទីប្រកាសណាមួយទៅធុងសំរាម ប្រសិនបើមិនទាន់មានប្រកាសដែលបានលុប] នៅពេលមើលទៅបញ្ជីប្រកាសនៅក្នុងធុងសំរាម តំណភ្ជាប់ដែលបង្ហាញនៅពេលដាក់ម៉ៅពីលើ មានដូចជា “ស្តារឡើងវិញ” និង “លុបជាអចិន្ត្រៃយ៍” [ចូរបង្ហាញការស្តារឡើងវិញ]។
លោកអ្នកក៏អាចច្រោះនូវបញ្ជីប្រកាសតាមកាលបរិច្ឆេទ (ខែ និងឆ្នាំ) ឬតាមចំណាត់ប្រភេទ [ចូរចុចទម្លាក់ចុះដើម្បីបង្ហាញ]។
តំណទៅកាន់ទំព័រនីមួយៗនៃបញ្ជី អនុញ្ញាតឱ្យលោកអ្នកអាចចូលទៅកាន់បញ្ជីនៃធាតុម្តងមួយទំព័រ។
ជាចុងក្រោយ លោកអ្នកអាចស្វែងរកពាក្យ ឬឃ្លាដែលអាចមាននៅក្នុងប្រកាសរបស់លោកអ្នក។ ប្រកាសណាមួយដែលផ្ទុកពាក្យដែលលោកអ្នកស្វែងរក នោះវានឹងបង្ហាញឡើង។
បញ្ជីនៃទំព័រ
បញ្ជីនៃទំព័រគឺស្រដៀងគ្នាទៅនឹងបញ្ជីនៃប្រកាស ប៉ុន្តែវាមានជួរឈរតិចជាង។ ប្រការនេះឆ្លុះបញ្ចាំងថាទំព័រមានលក្ខណៈសាមញ្ញជាងប្រកាស។ តំណភ្ជាប់ដែលបង្ហាញនៅពេលដាក់ម៉ៅពីលើ មានដូចគ្នានៅពេលលោកអ្នកអូសម៉ៅពីលើចំណងជើងនៃទំព័រ។ ក៏មានផងដែរម៉ឺនុយទម្លាក់ចុះនៃសកម្មភាពព្រមគ្នា ជាមួយនិងជម្រើសដូចគ្នាទៅនឹងអ្វីដែលលោកអ្នកបានឃើញនៅក្នុងបញ្ជីនៃប្រកាស។
បណ្ណាល័យមេឌៀ
បណ្ណាល័យមេឌៀអាចបង្ហាញនូវធាតុនានាក្នុងទិដ្ឋភាពជាក្រឡាចត្រង្គ, ជារូបភាពតូចៗ ឬក្នុងទិដ្ឋភាពជាបញ្ជី ដែលមានលក្ខណៈដូចជាបញ្ជីនៃទំព័រ និងបញ្ជីនៃប្រកាស ដែលលោកអ្នកទើបតែបានឃើញ។ សកម្មភាពព្រមគ្នាតែមួយគត់ ដែលមានសម្រាប់ធាតុនានានៅក្នុងបណ្ណាល័យមេឌៀ គឺ “លុបជាអចិន្ត្រៃយ៍” ។ ជួរឈរមួយដែលខុសគេនៅក្នុងបណ្ណាល័យមេឌៀគឺជួរ “ត្រូវបានអាប់ឡូដទៅកាន់”។ វាប្រាប់លោកអ្នកអំពីទំព័រ ឬប្រកាសណាមួយដែលធាតុមួយនោះកំ ពុងត្រូវបានប្រើប្រាស់។ ជួរឈរនេះអាចនឹងនៅទទេ ប្រសិនបើធាតុនោះត្រូវបានអាប់ឡូដដោយផ្ទាល់ទៅកាន់បណ្ណាល័យមេឌៀ ហើយមិនបានភ្ជាប់ទៅកាន់ ទំព័រ ឬការប្រកាសណាមួយ។
“ឧបករណ៍” និង “ការកំណត់”
របារចំហៀងខាងឆ្វេងក៏នឹងមានផ្នែកដែលហៅថា “ឧបករណ៍” និង “ការកំណត់”។ ខ្លឹមសារនៃផ្នែកទាំងនេះគឺអាស្រ័យទៅលើតួនាទីនៃអ្នកប្រើប្រាស់ និងកម្មវិធីជំនួយដែលអាចត្រូវបានដំឡើងនៅលើវេបសាយ។
សេចក្ដីសន្និដ្ឋាន
ឥឡូវនេះ លោកអ្នកបានដឹងអំពីរបៀបធ្វើអន្តរកម្មជាមួយអេក្រង់ជាច្រើន ដែលលោកអ្នកនឹងបានឃើញនៅក្នុងផ្ទាំងព័ត៌មាន និងតំបន់គ្រប់គ្រងទាំងមូល។ អ្នករចនា WordPress បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរក្សាឥរិយាបថរបស់ធាតុទាំងនោះឱ្យមានភាពប្រហាក់ប្រហែលគ្នា ដោយមានអ្នកបង្កើតកម្មវិធីជំនួយដែលល្អជាងមុន។ ប្រសិនបើលោកអ្នកមានទំព័រកម្មវិធីជំនួយដែលមើលទៅខុសគ្នាខ្លាំង លោកអ្នកគួរតែពិចារណាជំនួសវាដោយកម្មវិធីជំនួយណាដែលមានបច្ចុប្បន្នភាពថ្មីជាង។ ប្រសិនបើលោកអ្នកឃើញផ្នែកមួយនៅលើរបារគ្រប់គ្រងដែលមិនមានព័ត៌មានលម្អិតនៅទីនេះ វាទំនងជាថាផ្នែកណាមួយនោះត្រូវបានបន្ថែមដោយកម្មវិធីជំនួយណាមួយ។ សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលឯកសារសម្រាប់កម្មវិធីជំនួយនោះ។ តើមានសំណួរឬទេ?
លំហាត់
លាក់ បង្ហាញ និងកំណត់ទីតាំងវិដជិតនៅលើផ្ទាំងព័ត៌មាន
ចូរបង្ហាញពីសមត្ថភាពរបស់លោកអ្នកក្នុងការកែប្រែផ្ទាំងព័ត៌មានទៅតាមអ្វីដែលលោកអ្នកចង់បាន។
- ដោយប្រើប្រាស់ “ជម្រើសអេក្រង់” ចូរលាក់សារស្វាគមន៍ដែលបង្ហាញដោយស្វ័យប្រវត្តិនៅលើវិដជិតព័ត៌មានថ្មីអំពី WordPress ។ ប្រសិនបើសារនេះត្រូវបានលាក់រួចហើយ ចូរធ្វើឱ្យវាអាចមើលឃើញឡើងវិញ។
- ចូរផ្លាស់ទីសារស្វាគមន៍ទៅកាន់ទីតាំងផ្សេងនៅលើផ្ទាំងព័ត៌មាន។
កែប្រែប្រកាសដោយប្រើការកែប្រែព្រមគ្នា
ចូរបង្ហាញពីសមត្ថភាពរបស់លោកអ្នកក្នុងការកែប្រែប្រកាសដោយមិនចាំបាច់បើកវានៅក្នុងកម្មវិធីនិពន្ធ។
- ដោយប្រើ “កែសម្រួលព្រមគ្នា” ចូរបន្ថែមស្លាកមួយទៅកាន់ប្រកាសមួយ ឬច្រើន។
សំណួរ-ចម្លើយ
ម៉ឺនុយទម្លាក់ចុះដែលភ្ជាប់ជាមួយឈ្មោះ និងរូបតំណាងរបស់លោកអ្នកនៅក្នុងរបារគ្រប់គ្រង អនុញ្ញាតឱ្យលោកអ្នក៖
- ប្ដូរទៅកាន់គណនីអ្នកប្រើប្រាស់ផ្សេងទៀត
- មើលវេបសាយផ្ទាល់ដូចអ្វីដែលសាធារណជនមើល
- ចាកចេញពីតំបន់គ្រប់គ្រង
- ទទួលជំនួយ
ចម្លើយ៖ ទី៣។ វាបង្ហាញលោកអ្នកនូវជម្រើសចាកចេញពីតំបន់គ្រប់គ្រង។
ពិត ឬមិនពិត៖ “ការកំណត់” តែងតែជាធាតុចុងក្រោយនៅក្នុងរបាររុករកចំហៀង។
ចម្លើយ៖ មិនពិត។ កម្មវិធីជំនួយផ្សេងទៀត អាចបន្ថែមធាតុម៉ឺនុយនៅខាងក្រោមការកំណត់។
តើជម្រើសមួយណាដែលបង្ហាញពីវិដជិត “សកម្មភាព” នៅលើផ្ទាំងគ្រប់គ្រង?
- ការជូនដំណឹងអំពីការដាក់ឱ្យប្រើ WordPress ជំនាន់ថ្មី
- ប្រកាសដែលទើបបោះពុម្ភផ្សាយថ្មីៗ
- Google Analytics
- សេចក្តីព្រាងដែលមិនបានផ្សព្វផ្សាយ
ចម្លើយ៖ ទី២។ ប្រកាសដែលទើបបោះពុម្ភផ្សាយថ្មីៗ
ប្រសិនបើលោកអ្នករកឃើញថា មានផ្នែកមួយនៅលើទំព័រផ្ទាំងព័ត៌មានរបស់លោកអ្នកបានបាត់ នោះរឿងដំបូងដែលលោកអ្នកគួរធ្វើគឺ៖
- ប្រើវេទិកាគាំទ្រ និងស្នើសុំជំនួយ។
- បម្រុងទុកវេបសាយ រួចបិទកម្មវិធីជំនួយទាំងអស់ដើម្បីមើលថា តើវាលេចឡើង ឬអត់។
- ពិនិត្យ “ផ្ទាំងជម្រើសអេក្រង់” នៅផ្នែកខាងលើខាងស្តាំ ក្រោមរបារគ្រប់គ្រង។
- បម្រុងទុកវេបសាយ ហើយកំណត់រូបរាងទៅលំនាំដើមដែលមកជាមួយ WordPress (ឧទាហរណ៍ រូបរាង Twenty Sixteen)។
ចម្លើយ៖ ទី៣។ ពិនិត្យផ្ទាំងជម្រើសអេក្រង់នៅផ្នែកខាងលើខាងស្តាំ ក្រោមរបារគ្រប់គ្រង។