ការជ្រើសរើស និងការដំឡើងរូបរាងវេបសាយ
ពិពណ៌នា
នៅក្នុងមេរៀននេះ លោកអ្នកនឹងស្វែងយល់ អំពីរបៀបដែលរូបរាងវេបសាយមិនគិតថ្លៃជិត ៣០០០ រូបរាងនៅក្នុង បញ្ជីផ្លូវការរបស់ WordPress.org និងយ៉ាងហោចណាស់នៅក្នុងបញ្ជីដាក់លក់ជាលក្ខណៈអាជីវកម្ម។ មេរៀននេះនឹងជួយលោកអ្នកឱ្យយល់ដឹងបន្ថែមអំពីរបៀបស្វែងរក និងវាយតម្លៃរូបរាងវេបសាយ ក៏ដូចជាវិធីដំឡើង, កែប្រែ, និងវិធីធ្វើបច្ចុប្បន្នភាពរូបរាងវេបសាយរបស់លោកអ្នក។ ជាចុងក្រោយ លោកអ្នកនឹងបានដឹងអំពីទីកន្លែងដែលលោកអ្នកអាចស្វែងរកជំនួយសម្រាប់រូបរាងវេបសាយរបស់លោកអ្នក ឬរាយការណ៍អំពីបញ្ហាណាមួយដែលកើតមានទាក់ទងនឹងរូបរាងវេបសាយរបស់លោកអ្នក។
គោលបំណង
ក្រោយពីបញ្ចប់មេរៀននេះ លោកអ្នកនឹងអាច៖
- ដឹងថា រូបរាងនៃវេបសាយ មានច្រើនរាប់មិនអស់សម្រាប់អ្នកប្រើប្រាស់។
- ពន្យល់អំពីរូបរាងនៃវេបសាយទាំងបួនប្រភេទ។
- បង្ហាញពីទីកន្លែងសម្រាប់ស្វែងរករូបរាងវេបសាយ ក៏ដូចជារំលេចនូវទីកន្លែងល្អៗបំផុត ដើម្បីរកមើលរូបរាងវេបសាយ។
- ពន្យល់ពីចំណុចដែលត្រូវស្វែងរក និងធាតុចាំបាច់ដែលរូបរាងវេបសាយល្អមួយត្រូវមាន។
- ពិពណ៌នាពីវិធីក្នុងការវាយតម្លៃរូបរាងវេសាយមួយ។
- បង្ហាញពីរបៀបដំឡើង, ដាក់ឱ្យដំណើរការ និងលុបរូបរាងវេបសាយណាមួយចេញពីវេបសាយ។
- បញ្ហាញពីរបៀបធ្វើបច្ចុប្បន្នភាពរូបរាងវេបសាយណាមួយ។
- ពន្យល់ពីរូបរាងវេបសាយខុសៗគ្នាទាំងបួនប្រភេទ។
- ស្គាល់ពីទីកន្លែងសម្រាប់ស្វែងរកជំនួយ ឬរាយការណ៍កំហុស។
ជំនាញចាំបាច់
លោកអ្នកនឹងទទួលបានលទ្ធផលល្អប្រសើរពីមេរៀននេះ ប្រសិនបើលោកអ្នកមាន៖
- ភាពស្ទាត់ជំនាញក្នុងការកែប្រែមាតិកា
- ចំណេះដឹងអំពី៖
ធនធានចាំបាច់
- វេបសាយ WordPress សម្រាប់អនុវត្តដំឡើងរូបរាងវេបសាយ។
សំណួរផ្ទៀងផ្ទាត់
- តើលោកអ្នកមានវេបសាយ WordPress ដែរឬទេ? (ចម្លើយដែលចង់បាន៖ បាទ/ចាស)
- តើលោកអ្នកកំពុងប្រើប្រាស់រូបរាងវេបសាយមួយណា? (ចម្លើយដែលចង់បាន៖ អ្វីក៏បានក្រៅពី “ខ្ញុំមិនដឹងទេ”)
- តើលោកអ្នកពេញចិត្តនឹងរូបរាងវេបសាយដែលលោកអ្នកកំពុងប្រើប្រាស់ដែរឬទេ?
- តើលោកអ្នកបានសាកល្បងប្រើប្រាស់រូបរាងវេបសាយផ្សេងទៀតបានប៉ុន្មានដែរ?
កំណត់ចំណាំសម្រាប់គ្រូបង្រៀន
- សំណួរផ្ទៀងផ្ទាត់ពីរចុងក្រោយ ពុំមានចម្លើយដែលចង់បានឡើយ។ សំណួរទាំងពីរនេះគឺសួរឡើងដើម្បីកំណត់ ពីសម្ភារៈចាំបាច់សម្រាប់បង្រៀនដែលត្រូវបង្ហាញទៅកាន់កូនសិស្សរបស់លោកអ្នក។
- មេរៀននេះគួរត្រូវបានបង្ហាញឆ្លាស់គ្នារវាងការ បង្រៀនខ្លី និងការបង្ហាញដោយផ្ទាល់។ លោកអ្នកដែលជាគ្រូបង្រៀន ត្រូវមានវេបសាយ WordPress ដែលបានដំឡើងនៅលើម៉ាស៊ីនកំុព្យូទ័ររបស់លោកអ្នក ដើម្បីធ្វើការបង្ហាញ។
- កូនសិស្សមិនគួរធ្វើការនៅលើវេបសាយរបស់ពួកគេឡើយ នៅអំឡុងពេលគ្រូកំពុងបង្រៀន ឬធ្វើការបង្ហាញ។ សំណួររបស់សិស្សគួរតែមានភាពច្បាស់លាស់អំពី បញ្ហាជាក់ស្តែងដែលពួកគេជួបប្រទះ ដូច្នេះលោកអ្នកត្រូវត្រៀមទុកជាមុននូវពេលវេលាសម្រាប់ពួកគេក្នុងការសាកល្បងនៅលើវេបសាយផ្ទាល់ខ្លួនរបស់ពួកគេ និងត្រូវប្រាកដថា លោកអ្នកមានពេលគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ពួកគេម្នាក់ៗ។
- ប្រើប្រាស់សំណួរទាំងនោះ នៅក្នុងការសង្ខេបនៅចុងបញ្ចប់នៃមេរៀន។
ខ្លឹមសារមេរៀន
សេចក្តីផ្តើម
លោកអ្នកកំពុងប្រើប្រាស់ WordPress ដែលជាប្រព័ន្ធសម្រាប់គ្រប់គ្រងមាតិកា។ ខ្លឹមសារនិងរូបរាងនៃមាតិការបស់លោកអ្នក ជារឿងពីរដាច់ដោយឡែកពីគ្នា។ ក្នុងន័យនេះ រូបរាងនៃវេបសាយរបស់លោកអ្នកអាចផ្លាស់ប្តូរទាំងស្រុង នៅពេលលោកអ្នកប្រើប្រាស់រូបរាងវេបសាយផ្សេងគ្នា ខណៈពេលដែលខ្លឹមសារនៃមាតិការបស់លោកអ្នកនៅរក្សាដដែល។
រូបរាងនៃវេបសាយ មានមុខងារលើសពីការកំណត់រូបរាងនៃវេបសាយ របស់លោកអ្នកទៅទៀត។ រូបរាងនៃវេបសាយអាចជួយលាក់ ឬបង្ហាញផ្នែកមួយចំនួននៃមាតិការបស់លោកអ្នក, បើកឬបិទមុខងាររបស់ WordPress, និងផ្តល់ដល់លោកអ្នកនូវទីតាំងសម្រាប់បង្ហាញវីដជិត និង ម៉ឺនុយ។ ពួកគេក៏អាចអនុញ្ញាតឱ្យលោកអ្នកបើកនូវមុខងារជាក់លាក់ណាមួយ សម្រាប់តែរូបរាងវេបសាយដែលលោកអ្នកកំពុងប្រើប្រាស់។
តើអ្វីទៅជាភាពខុសគ្នារវាងកម្មវិធីជំនួយ និង រូបរាងវេបសាយ?
ខណៈដែលកម្មវិធីជំនួយនិងរូបរាងវេបសាយអាចជួយលោកអ្នកឱ្យសម្រេចការងារជាច្រើនដូចគ្នា ក៏ការយល់ដឹងអំពីភាពខុសគ្នានៃរបស់ទាំងពីរនេះ មានសារៈសំខាន់ខ្លាំងណាស់។
កម្មវិធីជំនួយរបស់ WordPress គឺជាកូដ PHP ដែលបន្ថែមមុខងារឱ្យ WordPress ។ កម្មវិធីជំនួយពង្រឹងមុខងារដែលមានស្រាប់របស់ WordPress ឬបន្ថែមមុខងារថ្មីសន្លាងមួយនៅលើវេបសាយរបស់លោកអ្នក។ កម្មវិធីជំនួយភាគច្រើនត្រូវបានអភិវឌ្ឍឡើងដោយក្រុមអ្នកស្ម័គ្រចិត្ត ហើយច្រើនតែបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ។ កូដស្នូលរបស់ WordPress ផ្តល់នូវមុខងារចម្បងក្នុងការ ចេញផ្សាយមាតិកា និងគ្រប់គ្រងអ្នកប្រើប្រាស់។ កម្មវិធីជំនួយនីមួយៗរបស់ WordPress គឺជាកម្មវិធីបន្ថែមដែលផ្តល់ភាពអាយស្រួលក្នុងការដំឡើង ដើម្បីបន្ថែមមុខងារទៅលើកូដស្នូលរបស់ WordPress។
កម្មវិធីជំនួយមួយអនុញ្ញាតឱ្យលោកអ្នកកែប្រែវេបសាយ WordPress របស់លោកអ្នកជាមួយនិងមុខងារដែលលោកអ្នកចង់បាន។ ដោយសារមុខងារបន្ថែមដ៏ច្រើនឥតគណនាត្រូវបានផ្ដល់តាមរយៈកម្មវិធីជំនួយ កូដស្នូលរបស់ WordPress មានមុខងារពេញលេញ ហើយអាចកែប្រែបានសម្រាប់អ្នកប្រើប្រាស់ផ្សេងៗគ្នា ដោយពុំចាំបាច់បញ្ចូលមុខងារគ្រប់យ៉ាងសម្រាប់មនុស្សគ្រប់គ្នានោះទេ។
រូបរាងវេបសាយរបស់ WordPress, គឺជាសំណុំនៃឯកសារដែលធ្វើការរួមគ្នា ដើម្បីបង្កើតបាននូវការរចនានៃវេបសាយមួយ។ ឯកសារទាំងនេះហៅថាឯកសារពុម្ព (Template Files)។ រូបរាងវេបសាយមួយផ្លាស់ប្តូរការបង្ហាញនៃវេបសាយមួយ ដោយមិនកែប្រែវេបសាយទាំងស្រុងនោះឡើយ។
រូបរាងវេបសាយរបស់ WordPress ជាទូទៅគឺប្រើសម្រាប់កំណត់រូបរាងនៃវេបសាយ WordPress របស់លោកអ្នក។ ប៉ុន្តែវាមាននាទីលើសពីការកំណត់រូបរាងទៅទៀត។ ការកំណត់រូបរាងនៃវេបសាយរបស់លោកអ្នកមានន័យថា មានតែការរចនាប៉ុណ្ណោះដែលត្រូវបានផ្លាស់ប្តូរ។ រូបរាងវេបសាយ WordPress អាចផ្ដល់នូវមធ្យោបាយច្រើនជាងនេះក្នុងការគ្រប់គ្រងការបង្ហាញមាតិការបស់លោកអ្នកជាសាធារណៈ ក៏ដូចជាចរិតលក្ខណៈនៃធាតុជាក់លាក់មួយចំនួនរបស់វេបសាយ នៅពេលដែលអ្នកទស្សនៈបញ្ចេញសកម្មភាពលើវា។
សរុបឱ្យខ្លីមក កម្មវិធីជំនួយគឺជាមុខងារ និងចំណុចពិសេសៗជាច្រើនដែលផ្ដល់ដល់វេបសាយរបស់លោកអ្នក រីឯរូបរាងវេបសាយជាអ្នកផ្លាស់ប្ដូរទិដ្ឋភាព និងរូបរាងនៃវេបសាយរបស់លោកអ្នក។
តើរូបរាងវេបសាយមានប៉ុន្មានប្រភេទ?
WordPress និងរូបរាងវេបសាយរបស់វា បានវិវត្តមកជាបន្តបន្ទាប់។ កម្មវិធីនិពន្ធប្លុក Gutenberg បានណែនាំអំពីការប្រើប្រាស់ប្លុក ដើម្បីបង្កើតប្រកាស និងទំព័រ។ ដោយប្រើប្រាស់ “កម្មវិធីនិពន្ធសម្រាប់វេបសាយទាំងមូល” (FSE) បទពិសោធន៍និងសមត្ថភាពក្នុងការពង្រីកវិសាលភាពរបស់ប្លុក ត្រូវបានដាក់ឱ្យមាននៅ ផ្នែកផ្សេងទៀតនៃវេបសាយរបស់លោកអ្នក។ នៅក្នុង “កម្មវិធីនិពន្ធសម្រាប់វេបសាយទាំងមូល” មានបណ្តុំនៃមុខងារពិសេសៗ និងរូបរាងវេបសាយជំនាន់មុនៗ ដែលលោកអ្នកអាចជ្រើសយកមកប្រើប្រាស់បានខ្លះៗ។
រូបរាងវេបសាយមានបួនប្រភេទគឺ៖
- រូបរាងវេបសាយបែបប្លុក៖ គឺជារូបរាងវេបសាយមួយប្រភេទ ដែលប្រើប្រាស់ប្លុកនៅគ្រប់ផ្នែកទាំងអស់នៃវេបសាយ ដែលរួមមាន ម៉ឺនុយ, ផ្នែកក្បាលទំព័រ, ផ្នែកមាតិកា និងផ្នែកជើងក្រោមនៃវេបសាយ។ រូបរាងវេបសាយទាំងនេះត្រូវបានបង្កើតឡើងសម្រាប់មុខងារថ្មីៗដែលមកជាមួយ WordPress និងដែលអនុញ្ញាតឱ្យលោកអ្នកអាចកែប្រែ និងរៀបចំផ្នែកនានានៃវេបសាយរបស់លោកអ្នកបាន។ “កម្មវិធីនិពន្ធ” ត្រូវបានប្រើដើម្បីគ្រប់គ្រងការកំណត់នៃរូបរាងវេបសាយ ជំនួសឱ្យការ “កែតាមតម្រូវការ”។ រូបរាងវេបសាយទាំងនេះ មានភាពទាន់សម័យជាង និងត្រូវបានបង្កើតឡើងសម្រាប់ FSE ដែលប្រើប្រាស់ពុម្ព HTML និងឯកសារ theme.json។
- រូបរាងវេបសាយជំនាន់មុន៖ រូបរាងវេបសាយមួយប្រភេទដែលមិនប្រើប្រាស់កម្មវិធីនិពន្ធសម្រាប់ប្លុក ដើម្បីគ្រប់គ្រង រូបរាងផ្សេងៗនៃវេបសាយ ក្រៅពីប្រកាស និងទំព័រ។ ពួកវាប្រើប្រាស់ “កែតាមតម្រូវការ”, “ម៉ីនុយ”, និង “វិដជិត” ដើម្បីធ្វើការផ្លាស់ប្តូរទៅលើ ការកំណត់នៃរូបរាងវេបសាយ។ រូបរាងវេបសាយជំនាន់មុន ត្រូវបានបង្កើតឡើងដោយពុម្ព PHP, ឯកសារ functions.php និងឯកសារផ្សេងៗទៀត។ រូបរាងវេបសាយប្រភេទនេះមានច្រើនណាស់សម្រាប់ជ្រើសរើស ដោយសារតែរូបរាងវេបសាយជំនាន់មុនមានវត្តមានជាយូរមកហើយ។
- រូបរាងវេបសាយកូនកាត់៖ រូបរាងវេបសាយជំនាន់មុនមួយប្រភេទដែលមានមុខងារមួយចំនួនរបស់ “កម្មវិធីនិពន្ធសម្រាប់វេបសាយទាំងមូល” ដូចជាឯកសារ theme.json ឬកម្មវិធីនិពន្ធសម្រាប់ពុម្ភ (Template Editor)។ រូបរាងវេបសាយទាំងនេះនៅតែប្រើប្រាស់ “កែតាមតម្រូវការ” ដើម្បីធ្វើការកែប្រែ ទន្ទឹមនឹងការប្រើប្រាស់មុខងារថ្មីៗដើម្បីគ្រប់គ្រងការកំណត់ប្លុក និងការរចនា។
- រូបរាងវេបសាយសកល៖ ជារូបរាងវេបសាយមួយប្រភេទ ដែលអាចកំណត់ទាំងស្រុងតាមវិធីណាក៏បាន។ លោកអ្នកអាចប្រើប្រាស់ “កែតាមតម្រូវការ”, “វិដជិត”, និង “ម៉ឺនុយ” ដូចនៅលើរូបរាងវេបសាយជំនាន់មុន ឬអាចប្រើប្រាស់ប្លុក ជាមួយនិង “កម្មវិធីនិពន្ធ” ក៏បាន។
តើខ្ញុំអាចស្វែងរករូបរាងវេបសាយនៅឯណាបាន?
WordPress នាំមកជាមួយនូវបណ្តុំនៃរូបរាងវេបសាយ ដែលដាក់ឈ្មោះទៅតាមឆ្នាំដែលពួកវាត្រូវបានដាក់ឱ្យ ប្រើប្រាស់។ នៅខណៈពេលនៃការចងក្រងឯកសារបង្រៀននេះ រូបរាងវេបសាយដែលភ្ជាប់មកជាមួយ WordPress មានឈ្មោះថា Twenty Twenty Two។
ប្រសិនបើលោកអ្នកចង់ស្វែងរករូបរាងវេបសាយផ្សេងទៀត លោកអ្នកអាចរកបាននៅលើកន្លែងផ្ទុករូបរាងវេបសាយរបស់ WordPress ដែលជាវេបសាយផ្លូវការរបស់ WordPress។ រាល់រូបរាងវេបសាយទាំងអស់នៅលើ វេបសាយនេះ ត្រូវបានត្រួតពិនិត្យដោយមនុស្សមួយក្រុម និងត្រូវបានធ្វើតេស្តសាកល្បងជាមួយលក្ខខណ្ឌជាច្រើន ដែលត្រូវបានបង្កើតឡើងដើម្បីធានានូវបទពិសោធន៍ល្អៗ និងប្រកបដោយសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់រូបរាងវេបសាយនោះ។
ជាមួយនិងរូបរាងវេបសាយជាង ៩០០០ នៅក្នុងវេបសាយនេះ លោកអ្នកអាចស្វែងរករូបរាងវេបសាយ ដែលសមស្របនឹងវេបសាយរបស់លោកអ្នកបានដោយងាយ ជាមួយនិងការប្រើប្រាស់មុខងារស្វែងរកកម្រិតខ្ពស់ ទៅតាមរូបរាង, ប្រធានបទ, និងមុខងារជាក់លាក់ណាមួយរបស់រូបរាងវេបសាយនោះ ដែលរួមមានដូចជា ការស្វែងរករូបរាងវេបសាយដែលប្រើប្លុក និងដែលគាំទ្រដល់មុខងារ “កម្មវិធីនិពន្ធសម្រាប់វេបសាយទាំងមូល”។
ក៏មានផងដែលវេបសាយក្រៅពី WordPress.org ដែលលោកអ្នកអាចស្វែងរករូបរាងវេបសាយសម្រាប់វេបសាយរបស់លោកអ្នក ប៉ុន្តែប្រភពដែលគួរឱ្យទុកចិត្តបានជាងគេគឺ WordPress.org នេះផ្ទាល់តែម្តង។
តើកត្តាអ្វីខ្លះដែលធ្វើឱ្យរូបរាងវេបសាយមួយជារូបរាងវេបសាយដ៏ល្អ?
នៅពេលពិចារណាពីរូបរាងប្រភេទណាដែលគួរយកមកប្រើប្រាស់សម្រាប់វេបសាយរបស់លោកអ្នក លោកអ្នកគួរតែគិតគូរជាមុនអំពីរបៀបដែលវេបសាយរបស់លោកអ្នកត្រូវបានបង្ហាញ។ លោកអ្នកក៏គួរយល់ដឹងអំពីរូបរាងវេបសាយទាំងបួនប្រភេទដែលលោកអ្នកចង់ធ្វើការជាមួយផងដែរ។
កន្លែងផ្ទុករូបរាងវេបសាយនៅលើវេបសាយ WordPress.org អនុញ្ញាតឱ្យលោកអ្នកអាចច្រោះរូបរាងវេបសាយ ដោយផ្អែកទៅលើ មុខងារ, រូបរាង និង ប្រធានបទ។ តើលោកអ្នកគ្រោងនឹងបង្កើតជាប្លក់នៃរូបថត ឬមួយ វេបសាយលក់ទំនិញអនឡាញ? តើលោកអ្នកចង់បានរូបរាងវេបសាយដែលមានមួយជួរ, ពីរជួរ ឬបីជួរ នៅលើវេបសាយរបស់លោកអ្នក? តើលោកអ្នកចង់បានរូបរាងណាដែលគាំទ្រដល់ “កម្មវិធីនិពន្ធសម្រាប់វេបសាយទាំងមូល” ឬក៏ផ្នែកក្បាលទំព័រផ្ទាល់ខ្លួន សម្រាប់វេបសាយរបស់លោកអ្នកដែរឬទេ?
លោកអ្នកមិនចាំបាច់ឆ្លើយទៅនឹងសំណួរទាំងអស់នេះទេ ប៉ុន្តែបើលោកអ្នកយល់ដឹងកាន់តែច្រើន នោះលោកអ្នកនឹងកាន់តែងាយស្រួលក្នុងការសម្រួចជម្រើសរបស់លោកអ្នក។ នៅពេលដែលលោកអ្នកស្វែងរករូបរាងវេបសាយផ្សេងៗ លោកអ្នកអាចចុចលើតំណ “ព័ត៌មានលម្អិត” និង “មើលជាមុន” បាន ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីរូបរាងវេបសាយនីមួយៗ ដែលរួមមានជំនាន់នៃរូបរាងវេបសាយ និងការដាក់ពិន្ទុដោយអ្នកប្រើដទៃទៀត។
ចំនួនដងនៃការធ្វើបច្ចុប្បន្នភាពនិងការដាក់ពិន្ទុ គឺជា ព័ត៌មានដ៏ល្អមួយនៃបទពិសោធន៍ជាទូទៅរបស់អ្នក ប្រើដទៃទៀតអំពីរូបរាងវេបសាយនោះ ក៏ដូចជាការ ដំណើរការរបស់វានៅលើកូដស្នូលនាពេលបច្ចុប្បន្នរបស់ WordPress។ រូបរាងវេបសាយក៏ត្រូវធ្វើបច្ចុប្បន្នភាពដូច WordPress ដែរ ដើម្បីទទួលបាននូវគុណប្រយោជន៍ នៃមុខងារថ្មីៗ និងដំណោះស្រាយលើបញ្ហាសុត្ថិភាព។
តើខ្ញុំដំឡើងរូបរាងនៃវេបសាយមួយដោយរបៀបណា?
លោកអ្នកអាចដំឡើងរូបរាងនៃវេបសាយបានតាមវិធីជាច្រើន។ វិធីងាយជាងគេ គឺការជ្រើសរើស និងដំឡើងរូបរាងវេបសាយណាមួយតាមរយៈ ផ្ទាំងព័ត៌មាន។ សូមមើលវិធីដូចខាងក្រោម៖
- ដំឡើងតាមរយៈផ្ទាំងព័ត៌មាន៖ សូមចូលទៅកាន់ “រូបរាង” -> “រូបរាងវេបសាយ” -> “បន្ថែមថ្មី”។ នោះរូបរាងវេបសាយនានានឹងបង្ហាញឡើងនៅលើទំព័រនេះ។ លោកអ្នកក៏អាចដំឡើងរូបរាងវេបសាយដោយផ្ទាល់ពីទំព័រនេះ ឬចុចលើ “ព័ត៌មានលម្អិត” និង “មើលជាមុន” រួចហើយចុចលើប៊ូតុង “ដំឡើង”។ ក្រោយពីដំឡើងរួច លោកអ្នកនឹងងឃើញប៊ូតុង “ដាក់ឱ្យដំណើរការ”។ សូមចុចលើ ប៊ូតុងនោះ។ ការចុចនោះ នឹងនាំលោកអ្នកត្រឡប់មកកាន់ ផ្ទាំងព័ត៌មានអំពីរូបរាងវេបសាយ ជាទីដែលលោកអ្នកអាចមើលឃើញរូបរាងវេបសាយ ដែលបានដាក់ឱ្យដំណើរការនោះ។
- ដំឡើងតាមរយៈឯកសារ ZIP៖ បើលោកអ្នកមានរូបរាងវេបសាយ ជាទម្រង់ឯកសារ ZIP នោះលោកអ្នកអាចដំឡើងវាដោយខ្លួនឯងបាន។ វិធីមួយ គឺត្រូវអាប់ឡូដឯកសារ ZIP នោះតាមរយៈផ្ទាំងព័ត៌មាន។ ដើម្បីធ្វើបែបនោះបាន សូមចូលទៅកាន់ “រូបរាង” -> “រូបរាងវេបសាយ” -> “បន្ថែមថ្មី”។ នៅផ្នែកខាងលើគេបង្អស់ លោកអ្នកនឹងឃើញប៊ូតុងមួយសម្រាប់ធ្វើការ “អាប់ឡូដ”។ សូមចុចលើប៊ូតុងនោះ រួចហើយជ្រើសរើសឯកសារ ZIP របស់លោកអ្នក រួចចុចលើប៊ូតុង “ដំឡើងឥឡូវនេះ”។ សូមកុំភ្លេចដាក់វាឱ្យដំណើរការផង។
- អាប់ឡូដតាមរយៈ FTP៖ បើលោកអ្នកមានឯកសារ ZIP និងមិនចង់ប្រើប្រាស់ផ្ទាំងព័ត៌មាននៅលើវេបសាយ ដើម្បីអាប់ឡូដទេ លោកអ្នកអាចប្រើប្រាស់ វិធីមួយទៀត គឺតាមរយៈ FTP (លោកអ្នកគួរប្រើ SFTP ដែលជាកំណែសុវត្ថិភាព)។ សម្រាប់ ការងារនេះ លោកអ្នកត្រូវការឈ្មោះអ្នកប្រើប្រាស់, ឃ្លាសម្ងាត់, និងព័ត៌មានរបស់ម៉ាស៊ីនមេ សម្រាប់ (S)FTP។ នៅពេលលោកអ្នកចូលបានជោគជ័យ សូមចូលទៅកាន់ /wp-contents/themes/ រួចហើយធ្វើការអាប់ឡូដរូបរាងវេបសាយនោះ។ បន្ទាប់មក ឯកសារដែលត្រូវបានពន្លាត គួរតែស្ថិតនៅក្នុងថតឯកសារនោះ។ នៅពេលធ្វើរួច សូមបើកផ្ទាំងព័ត៌មាននៃវេបសាយ WordPress របស់លោកអ្នក ហើយចូលទៅកាន់ “រូបរាង” -> “រូបរាងវេបសាយ”។ រូបរាងវេបសាយដែលលោកអ្នកទើបអាប់ឡូដ នឹងត្រូវបង្ហាញនៅទីនោះ និងអាចឱ្យលោកអ្នកដាក់ឱ្យដំណើរការបាន។
តើខ្ញុំអាចរៀបចំរូបរាងវេបសាយថ្មីមួយដោយរបៀបណា?
ជំហានបន្ទាប់ក្រោយការដំឡើងរូបរាងវេបសាយមួយរួចមក គឺការរៀបចំរូបរាងនៃវេបសាយ!
រូបរាងវេបសាយបែបប្លុក ពឹងផ្អែកលើ “កម្មវិធីនិពន្ធ” ដើម្បីធ្វើការកែប្រែផ្នែកនានានៃវេបសាយរបស់លោកអ្នក ដែលស្ថិតនៅក្រោម “រូបរាង” -> “កម្មវិធីនិពន្ធ” (បេតា)។
លោកអ្នកអាចរៀបចំរូបរាងវេបសាយរបស់លោកអ្នក នៅក្នុងប្រព័ន្ធ “កម្មវិធីនិពន្ធ” ដូចជា៖
- ការកំណត់ម៉ូដសម្រាប់វេបសាយរបស់លោកអ្នក និងប្លុក, រួមមានពណ៌ និងអក្សរដែលប្រើនៅក្នុងវេបសាយទាំងមូល។
- រូបរាងវេបសាយបែបប្លុក, ភ្ជាប់មកជាមួយនូវម៉ឺនុយរុករក និងចំណងជើងវេបសាយបែបប្លុក។
- ពុម្ភសម្រាប់បង្កើតទំព័រ ឬប្រកាស មានផ្ទុកទៅដោយប្លុកជំនាន់មុន និងរូបរាងវេបសាយបែបប្លុក។
- ផ្នែកតូចៗនៃពុម្ភ សម្រាប់គ្រប់គ្រងផ្នែកតូចៗ និងផ្នែកដែលអាចប្រើប្រាស់ឡើងវិញបាននៃទំព័រ ដូចជាផ្នែកជើងទំព័រ ឬក្បាលទំព័រជាដើម។ ពួកគេទាំងនេះត្រូបានប្រើប្រាស់ជាសំខាន់សម្រាប់រនាសម្ព័ន្ធនៃវេបសាយ។
សម្រាប់រូបរាងវេបសាយជំនាន់មុន លោកអ្នកអាចធ្វើការរៀបចំបានដោយប្រើ “កែតាមតម្រូវការ” ដែលស្ថិតនៅក្រោម “រូបរាង” -> “កែតាមតម្រូវការ” នៅក្នុងផ្ទាំងព័ត៌មានរបស់លោកអ្នក។
តាមរយៈ “កែតាមតម្រូវការ” លោកអ្នកអាចធ្វើការកំណត់ផ្នែកជាច្រើន ដូចជា៖
- ពណ៌នៃវេបសាយរបស់លោកអ្នក
- រូបភាពផ្ទាល់ខ្លួនសម្រាប់ដាក់នៅផ្នែកក្បាលទំព័រ ប្រសិនបើរូបរាងនៃវេបសាយរបស់លោកអ្នកគាំទ្រដល់មុខងារនេះ
- រូបភាពផ្ទៃខាងក្រោយ
- វីដជិត, ប្រសិនបើរូបរាងវេបសាយរបស់អ្នកមាន កន្លែងសម្រាប់ដាក់វីដជិត
- និងម៉ឺនុយ, ដែលអាចមានផ្ទុកនូវម្មិតសញ្ញាបណ្តាញសង្គម ដែលវាអាស្រ័យទៅតាមរូបរាងវេបសាយរបស់លោកអ្នក។
ដោយហេតុថារូបរាងវេបសាយផ្សេងៗគ្នា មានការរចនានិង មុខងារផ្សេងគ្នា លោកអ្នកអាចនឹងឃើញជម្រើសច្រើនជាង ឬតិចជាងនេះ នៅលើ “កែតាមតម្រូវការ” របស់លោកអ្នក។ យ៉ាងណាមិញរូបរាងវេបសាយខ្លះអាចត្រូវការជំហានច្រើនជាងរូបរាងវេបសាយផ្សេងទៀតក្នុងការរៀបចំ ដូចជាជាមួយនិងការរចនានៅក្នុងការបង្ហាញជាមុន។ ក្នុងករណីនេះ លោកអ្នកគួរស្វែងរកវេទិកាជំនួយដែល ទាក់ទងនិងរូបរាងវេបសាយ និង/ឬុឯកសារសម្រាប់អ្នកអភិវឌ្ឍរូបរាងវេបសាយ ដើម្បីយល់ដឹងបន្ថែមអំពីលំដាប់លំដោយនៃការ រៀបចំដែលអ្នកអភិវឌ្ឍរូបរាងវេបសាយមាននៅក្នុងចិត្ត។ សូមស្វែងរកជំនួយតាមរយៈវេទិកានានា នៅពេលលោកអ្នកមានចម្ងល់។
តើខ្ញុំអាចធ្វើបច្ចុប្បន្នភាពរូបរាងវេបសាយដោយវិធីណា?
រូបរាងវេបសាយរបស់ WordPress ក៏ដូចជាកម្មវិធីផ្សេងទៀតដែរ គឺនឹងត្រូវធ្វើបច្ចុប្បន្នភាពជាមួយនិងការកែកំហុសមួយចំនួន និង មុខងារថ្មីៗ។ ការធ្វើបច្ចុប្បន្នភាពទាំងនេះនឹងអាធ្វើឡើងដោយស្វ័យប្រវត្តិ ឬមួយដោយអ្នកប្រើប្រាស់ផ្ទាល់ នៅពេលមានការជូនដំណឹងអំពីកំណែនៃការធ្វើបច្ចុប្បន្នភាពដែលអាចទាញយកបាន។
នៅពេលលោកអ្នកចូលទៅកាន់ផ្ទាំងព័ត៌មាននៃកន្លែងគ្រប់គ្រងវេបសាយ លោកអ្នកនឹងឃើញការជូនដំណឹង ពីការធ្វើបច្ចុប្បន្នភាពនៅផ្នែកខាងលើនៃរបារម៉ឺនុយ និងម៉ឺនុយនៃផ្ទាំងព័ត៌មាន ប្រសិនបើមានបច្ចុប្បន្នភាពថ្មី។ លោកអ្នកអាចចូលទៅកាន់ទំព័រ ធ្វើបច្ចុប្បន្នភាព ជាទីដែលលោកអ្នកនឹងបានឃើញនូវបញ្ជីរូបរាងវេបសាយដែលត្រូវធ្វើបច្ចុប្បន្នភាព។ តាមរយៈទំព័រនេះ លោកអ្នកអាចធ្វើបច្ចុប្បន្នភាពរូបរាងវេបសាយម្ដងមួយៗ ឬធ្វើបច្ចុប្បន្នភាពម្ដងទាំងអស់ក៏បាន។
ដើម្បីឱ្យដំណើរការនេះមានភាពងាយស្រួលសម្រាប់លោកអ្នក WordPress អនុញ្ញាតឱ្យលោកអ្នកបើកឱ្យដំណើរការនូវមុខងារធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិសម្រាប់រូបរាងវេបសាយនីមួយៗរបស់លោកអ្នក។ ការណ៍នេះមានន័យថា គ្រប់ពេល ដែលមានកំណែបច្ចុប្បន្នភាពថ្មីៗ នោះវេបសាយ WordPress របស់លោកអ្នកនឹង ធ្វើបច្ចុប្បន្នភាពឱ្យវាដោយស្វ័យប្រវត្តិ ទៅកាន់កំណែចុងក្រោយនៃរូបរាងវេបសាយរបស់លោកអ្នក។
តើលោកអ្នកអាចបើកឱ្យដំណើរការមុខងារធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិដោយរបៀបណា? សូមចូលទៅកាន់ទំព័រ “រូបរាងវេបសាយ” ជាទីដែលលោកអ្នកអាចបើកឱ្យដំណើរការមុខងារ “ធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ” សម្រាប់រូបរាងវេបសាយនីមួយៗ។ លោកអ្នកក៏អាចធ្វើបច្ចុប្បន្នភាពរូបរាងវេបសាយរបស់លោកអ្នកដោយខ្លួនឯងបានដែរ នៅលើទំព័រនេះ។
វិធីសាស្ត្រមួយទៀតក្នុងការធ្វើបច្ចុប្បន្នភាពរូបរាងវេបសាយរបស់លោកអ្នក គឺតាមរយៈការប្រើប្រាស់មុខងារដែលទើបតែត្រូវបានបញ្ចូលថ្មី ពោលគឺបើសិនលោកអ្នកមានឯកសារ ZIP ដែលផ្ទុកទៅដោយកំណែចុងក្រោយបង្អស់នៃរូបរាងនៃវេបសាយរបស់លោកអ្នក នោះលោកអ្នកអាចអនុវត្តតាមជំហានដូចគ្នា ទៅនឹងការដំឡើងរូបរាងវេបសាយថ្មី តាមរយៈការអាប់ឡូដឯកសារ ZIP។ WordPress នឹងប្រាប់លោកអ្នកថា កំណែថ្មីសម្រាប់រូបរាងវេបសាយរបស់លោកអ្នក ត្រូវបានដំឡើងរួចហើយ ហើយវានឹងពិនិត្យមើលថា តើកំណែដែលលោកអ្នកបានអាប់ឡូដ ជាកំណែថ្មីដែរឬទេ។ ប្រសិនបើវាជាកំណែថ្មី នោះ WordPress នឹងធ្វើបច្ចុប្បន្នភាពរូបរាងវេបបសាយរបស់លោកអ្នកទៅកំណែចុងក្រោយ។
វិធីចុងក្រោយ គឺលោកអ្នកអាចប្រើប្រាស់ FTP ដើម្បីអាប់ឡូដកំណែថ្មីនៃរូបរាងវេបសាយរបស់លោកអ្នក ទៅកាន់ម៉ាស៊ីនមេ ដែលផ្ទុកវេបសាយរបស់លោកអ្នក ទៅតាមរបៀបដែលលោកអ្នកអាប់ឡូដឯកសារផ្សេងទៀត តាមរយៈការជំនួសកំណែដែលមានស្រាប់នៃឯកសាររូបរាងវេបសាយរបស់លោកអ្នក។
តើខ្ញុំអាចលុបរូបរាងវេបសាយដោយរបៀបណា?
ដូចគ្នានឹងកម្មវិធីជំនួយដែរ លោកអ្នកគួរលុបរូបរាងវេបសាយណាដែលលោកអ្នក មិនប្រើ ចេញពីវេបសាយ WordPress របស់លោកអ្នក។
ដើម្បីលុប សូមចូលទៅកាន់ទំព័រ “រូបរាង” -> “រូបរាងវេបសាយ” ដើម្បីមើលបញ្ជីរូបរាងវេបសាយទាំងអស់ដែលលោកអ្នក បានដំឡើងនៅលើវេបសាយរបស់អ្នក។ សម្រាប់រូបរាងវេបសាយណាដែលោកលោកអ្នកចង់ដកចេញ សូមប្រាកដថា លោកអ្នកបានបញ្ឈប់ដំណើរការវាជាមុនសិន មុននឹងលោកអ្នកលុបវា។ លោកអ្នកអាចធ្វើដូច្នេះបាន តាមរយៈការដាក់ឱ្យដំណើរការរូបរាងវេបសាយមួយផ្សេងទៀត តាមរយៈការចុចលើប៊ូតុង “ដាក់ឱ្យដំណើរការ” ដែលបង្ហាញឡើងនៅពេលលោកអ្នកដាក់ម៉ៅពីលើរូបរាងវេបសាយនោះ។
ប្រសិនបើរូបរាងវេបសាយដែលលោកអ្នកចង់លុបត្រូវបានបញ្ឈប់ដំណើរការហើយ នោះលោកអ្នកនឹងឃើញប៊ូតុង “ដាក់ឱ្យដំណើរការ” នៅខាងក្រោមវា។ សូមចុចលើប៊ូតុង “ព័ត៌មានលម្អិតនៃរូបរាងវេបសាយ” ។ នៅក្នុងផ្ទាំងដែលផុសឡើងនោះ លោកអ្នកនឹងឃើញតំណ “លុប” ដែលអ្នកអាចធ្វើការលុបរូបរាងនេាះចេញបាន។
ចុះសម្រាប់រូបរាងវេបសាយដែលដាក់លក់វិញ?
ដូចកម្មវិធីជំនួយដែរ លោកអ្នកអាចទិញរូបរាងវេបសាយដែលដាក់លក់ នៅកន្លែងផ្សេងទៀតក្រៅពីកន្លែងផ្ទុករូបរាងវេបសាយ នៅលើេវេបសាយ WordPress.org បានផងដែរ។
គុណសម្បត្តិធំមួយនៃការប្រើប្រាស់់កន្លែងផ្ទុករូបរាងនៃវេបសាយ គឺរូបរាងវេបសាយនៅក្នុងវេបសាយនេះ ត្រូវបានឆ្លងកាត់ដំណើរការត្រួតពិនិត្យ ដែលធានាថា រូបរាងវេបសាយទាំងនោះ គោរពទៅតាមស្តង់ដាផ្នែកកូដ និងសុវត្ថិភាព។ ទោះយ៉ាងណា មានពេលខ្លះរូបរាងវេបសាយដែលត្រូវគ្នាជាមួយនិងតម្រូវការរបស់លោកអ្នក មានបញ្ចូលការដំឡើងកម្រិតទៅជាកម្រិតទិញលក់បាន ឬត្រូវបានលក់ដោយភាគីទីបី។
នៅពេលពិចារណាអំពីការទិញរូបរាងវេបសាយណាមួយពីភាគីទីបី លោកអ្នកចាំបាច់ត្រូវឆែកមើលចំណុចមួយចំនួន។ ជាមួយ និងរូបរាងវេបសាយ ឬកម្មវិធីជំនួយណាមួយ ដែលបានអាប់ឡូដទៅកាន់វេបសាយរបស់លោកអ្នក មានន័យថា លោកអ្នកកំពុងបន្ថែមកូដទៅលើកម្មវិធីស្នូលនៃវេបសាយ WordPress របស់លោកអ្នកហើយ។ ជាទូទៅ កូដមួយចំនួនអាចនាំមកនូវកំហុសឆ្គង ឬបញ្ហាសុវត្ថិភាព ដោយសារគុណភាពមិនល្អ, ភាពមិនដំណើរការជាមួយគ្នារវាងកូដថ្មីនិងកូដស្នូល, ឬមួយក៏កំហុសឆ្គងរបស់អ្នកសរសេរតែម្ដង។
ក្នុងន័យនេះ វាចាំបាច់ណាស់ក្នុងការឆែកមើលវេបសាយដែលលោកអ្នកនឹងបញ្ជាទិញរូបរាងវេបសាយ តាមរយៈមតិយោបល់របស់អ្នកទិញមុនៗ, កម្រិតនៃភាពញឹកញាប់ដែលរូបរាងវេបសាយទាំងនោះបានធ្វើបច្ចុប្បន្នភាព, និងថាតើពួកគេផ្ដល់នូវជំនួយដែរឬទេ។ ការទទួលបានព័ត៌មានទាំងនេះ អាចជួយលោក អ្នកឱ្យយល់កាន់តែច្បាស់ ថាតើការអភិវឌ្ឍរូបរាងវេបសាយនោះ មានភាពសកម្មកម្រិតណា ដែលមានន័យថារូបរាងវេបសាយទាំងនោះត្រូវបានធ្វើបច្ចុប្បន្នភាពទៀងទាត់ដើម្បីបន្ថែមមុខងារថ្មីៗ ក៏ដូចជាដោះស្រាយបញ្ហាសុវត្ថិភាពផ្សេងៗ។ ដូចគ្នានេះដែរ ប្រសិនបើលោកអ្នកទិញរូបរាងវេបសាយដែលដាក់លក់ លោកអ្នកចាំបាច់ត្រូវដឹងពីរបៀបក្នុងការទាក់ទងទៅកាន់ ក្រុមផ្ដល់ជំនួយ ដោយសារតែរូបរាងវេបសាយដែលមិននៅក្នុងកន្លែងផ្ទុករូបរាងវេបសាយ ពុំមានវេទិកាជំនួយនៅលើ WordPress.org ដែលលោកអ្នកអាចប្រើប្រាស់បាននោះទេ។
កាលណាលោកអ្នកមានព័ត៌មានកាន់តែច្រើន នោះនឹងកាន់តែល្អ។
ការទទួលបានជំនួយ និងការរាយការណ៍កំហុសឆ្គង
ជាមួយរូបរាងវេបសាយ ឬកម្មវិធីជំនួយណាក៏ដោយ ពេលខ្លះលោកអ្នកអាចជួបប្រទះនឹងកំហុសឆ្គង ឬបញ្ហាផ្សេងៗដែលត្រូវការការពិនិត្យ និងដោះស្រាយ។
វិធីដែលល្អបំផុតដើម្បីទទួលបានជំនួយសម្រាប់រូបរាងវេបសាយណាមួយ គឺការចូលទៅកាន់វេទិកាជំនួយដែលពាក់ព័ន្ធនិងរូបរាងវេបសាយនោះ។ រូបរាងវេបសាយ និងកម្មវិធីជំនួយទាំងអស់ នៅក្នុងវេបសាយ WordPress.org មានវេទិកាជំនួយមួយ ដែលអ្នកអភិវឌ្ឍវេបសាយ ឬក្រុមដែលបង្កើតរូបរាងវេបសាយនោះ ចាំជួយលោកអ្នកក្នុងការថែទាំវេបសាយ តាមរយៈការ ឆ្លើយតបទៅនឹងសំណួរ ឬសំណើសុំមុខងារថ្មីៗពីសំណាក់អ្នក ប្រើប្រាស់រូបរាងវេបសាយនោះ។
លោកអ្នកអាចស្វែងរកវេទិកាទាំងនោះបាន ដោយចូលទៅកាន់កន្លែងផ្ទុករូបរាងវេបសាយនៅលើវេបសាយ WordPress.org តាមរយៈតំណ wordpress.org/themes។ សូមស្វែងរករូបរាងវេបសាយរបស់លោកអ្នកតាមរយៈឈ្មោះ រួចចុចលើ “ព័ត៌មានបន្ថែម” រួចហើយចុចលើប៊ូតុង “មើលវេទិកាជំនួយ”។
នៅពេលរាយការណ៍កំហុសឆ្គងណាមួយ លោកអ្នកគួរតែពិពណ៌នា ឱ្យបានជាក់លាក់អំពីអ្វីដែលលោកអ្នកបានធ្វើនៅពេលលោកអ្នកជួបប្រទះនឹងកំហុសឆ្គងនោះ, កម្មវិធីជំនួយផ្សេងទៀតដែលលោកអ្នកបានដំឡើង ក៏ដូចជាលេខនៃកំណែរបស់ WordPress និងរូបរាងវេបសាយដែលលោកអ្នកកំពុងប្រើប្រាស់ជាដើម។
លំហាត់
ដំឡើងរូបរាងវេបសាយដែលត្រូវបានជ្រើសរើសរួចស្រាប់
- ចូលទៅកាន់ ផ្នែកគ្រប់គ្រង នៃវេបសាយ WordPress ។
- ជ្រើសយក “រូបរាង” រួចយក “រូបរាងវេបសាយ”។
- ជ្រើសយក “បន្ថែមថ្មី”។
- ដើម្បីដំឡើងរូបរាងវេបសាយណាមួយពី កន្លែងផ្ទុករូបរាងវេបសាយ សូមប្រើប្រាស់មុខងារ “ស្វែងរក” ឬ “ច្រោះ” ដើម្បីស្វែងរករូបរាងវេបសាយដែលលោកអ្នកចង់ប្រើ។ សូមចុចលើតំណ “មើលជាមុន” ដើម្បីមើលរូបរាងវេបសាយរបស់លោកអ្នក ឬ តំណ “ដំឡើងឥឡូវនេះ” ដើម្បីអាប់ឡូដរូបរាងវេបសាយនោះទៅកាន់ប្លក់របស់លោកអ្នក។
- ដើម្បីដំឡើងរូបរាងវេបសាយណាមួយដែលលោកអ្នកបានទាញយកពីមុនរួចហើយនៅក្នុងកុំព្យូទ័ររបស់លោកអ្នក សូមប្រើតំណ “អាប់ឡូដ” នៅជួរខាងលើ ដើម្បីអាប់ឡូដរូបរាងនៃវេបសាយនោះក្នុងទម្រង់ជាឯកសារ ZIP។
ដាក់ឱ្យដំណើរការរូបរាងវេបសាយរបស់លោកអ្នក
នៅពេលរូបរាងវេបសាយរបស់លោកអ្នកត្រូវបានដំឡើង លោកអ្នកនឹងត្រូវដាក់ឱ្យវាដំណើរការ ដើម្បីឱ្យវាបង្ហាញជាសាធារណៈនៅលើវេបសាយរបស់លោកអ្នក។ ដើម្បីជ្រើសរើសរូបរាងវេបសាយណាមួយសម្រាប់ វេបសាយរបស់លោកអ្នក សូម៖
- ចូលទៅកាន់ ផ្នែកគ្រប់គ្រងនៃវេបសាយ WordPress ។
- ជ្រើសយក “រូបរាង” រួចយក “រូបរាងវេបសាយ”។
- នៅលើផ្ទាំងរូបរាងវេបសាយ សូមដាក់ម៉ៅពីលើរូបភាពនៃរូបរាងវេបសាយដែលលោកអ្នកចាប់អារម្មណ៍ ដើម្បីមើលពីជម្រើសនានារបស់រូបរាងវេបសាយនោះ។
- លោកអ្នកអាចមើលព័ត៌មានបន្ថែមអំពីរូបរាងវេបសាយណាមួយ ដោយចុចលើ “ព័ត៌មានលម្អិតនៃរូបរាងវេបសាយ”។
- ការបង្ហាញផ្ទាល់ជាមុននៃរូបរាងវេបសាយណាមួយ (ការប្រើប្រាស់មាតិកាប្លក់របស់លោកអ្នក) អាចធ្វើទៅបានតាមរយៈការចុចលើ “មើលផ្ទាល់”។
- ដើម្បីដំណើរការរូបរាងវេបសាយនោះ សូមចុចលើប៊ូតុង “ដាក់ឱ្យដំណើរការ”។
សំណួរ-ចម្លើយ
តើរូបរាងវេបសាយអាចរកបាននៅកន្លែងណា? (សូមជ្រើសរើសចម្លើយលើសពីមួយ)
- ហាងលក់រូបរាងវេបសាយរបស់ WordPress ជាលក្ខណៈអាជីវកម្ម
- ការស្វែងរករូបរាងវេបសាយឥតគិតថ្លៃនៅលើ Google
- កន្លែងផ្ទុករូបរាងវេបសាយនៃវេបសាយ WordPress
- ហាងផ្គត់ផ្គង់សម្ភារៈការិយាល័យនៅក្នុងតំបន់របស់ លោកអ្នក
ចម្លើយ៖ 1. ហាងលក់រូបរាងវេបសាយរបស់ WordPress ជាលក្ខណៈអាជីវកម្ម ឬ 2. ការស្វែងរករូបរាងវេបសាយដោយឥតគិតថ្លៃនៅលើ Google ឬ 3. កន្លែងផ្ទុករូបរាងវេបសាយនៃវេបសាយ WordPress
តើខ្ញុំអាចដំឡើងរូបរាងវេសាយរបស់ខ្ញុំដោយវិធីណា?
- ដំឡើងដោយផ្ទាល់ពីផ្ទាំងព័ត៌មាន
- ដំឡើងពីឯកសារ ZIP
- អាប់ឡូដដោយប្រើ FTP
- ទាំងអស់ខាងលើ
ចម្លើយ៖ 4. ទាំងអស់ខាងលើ
តើកត្តាណាខ្លះដែលអាចត្រូវបានប្រើសម្រាប់វាយតម្លៃរូបរាងវេបសាយណាមួយ?
- ចំនួនផ្ទាំងពាណិជ្ជកម្មដែលលោកអ្នកឃើញនៅលើរូបរាងវេបសាយនោះ
- តើការធ្វើបច្ចុប្បន្នភាពចុងក្រោយធ្វើឡើងនៅពេលណា
- ថាតើមិត្តភក្តិរបស់លោកអ្នកកំពុងប្រើប្រាស់រូបរាងវេបសាយនោះដែរឬទេ បើទោះជាវេបសាយរបស់ ពួកគេត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សេងពីលោកអ្នកក៏ដោយ
- រូបរាងវេបសាយមិនមែនជាបញ្ហាឡើយ ប្រើមួយណាក៏បាន
ចម្លើយ៖ 2. តើការធ្វើបច្ចុប្បន្នភាពចុងក្រោយធ្វើឡើងនៅពេលណា
តើរូបរាងវេបសាយប្រភេទណាដែលប្រើប្រាស់កម្មវិធីនិពន្ធ និងរូបរាងវេបសាយបែបប្លុក?
- ជំនាន់មុន
- កូនកាត់
- សកល
- ប្លុក
ចម្លើយ៖ 4. ប្លុក or 3. សកល